More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ​ក្រសួង​ព័ត៌មាន​នឹង​ឲ្យ​អ្នកកាសែត​ជួប អាចារ្យ​អេ​
    Posted Wednesday, September 28, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 2632


    ​ភ្នំពេញៈ ក្រសួង​ព័ត៌មាន​គ្រោង​អញ្ជើញលោក សេង ប៊ុន​វេ​ង ហៅ អាចារ្យ​អេ ប្រធាន​វិទ្យុ ABC និង​អ្នកសារព័ត៌មាន​ជួបជុំគ្នា​ដើម្បី​ជជែក​ពិភាក្សា និង​ស្តាប់​ហេតុផល​គ្នា​ទៅវិញទៅមក​បន្ទាប់ពី​ប្រធាន​វិទ្យុ​នេះ​បាន​ហៅ​អ្នកកាសែត​ថា «​កាសែត​ចោរ​» ដែល​សម្តី​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នកកាសែត​ទូទៅ​។​

    ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ក្លិប សមាគម និពន្ធ​នាយក និង​តំណាង​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង ២០ ស្ថាប័ន​កាលពី​ថ្ងៃ​ចន្ទ​បានស្នើ​សុំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ចាត់វិធានការ​បន្ទាន់​ដើម្បី​អប់រំ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​វិទ្យុ ABC ១០៧.៥ Mhz កុំ​ឲ្យ​ប្រើពាក្យ​សម្ដី​អសុរោះ​ការចោទប្រកាន់​មួលបង្កាច់​មកលើ​អ្នកសារព័ត៌មាន​។​

    ​លិខិត​ថ្លែងថា​៖ «​កន្លងមក និង​ថ្មីៗ​មកនេះ​ដែល​លោក អាចារ្យ​អេ បាន​និយាយ​ជា​សាធារណៈ​តាម​វិទ្យុ ABC ដោយ​ប្រមាថ​មន្ត្រី​សាធារណៈ ស្ត្រី និង​អ្នកសារព័ត៌មាន​គឺមាន​ដូចជា​ករណី​វិវាទ​ជាមួយ​មន្ត្រី​សុខាភិបាល​បាន​ហៅ​ពេទ្យ​ថា​ពេទ្យ​តិរច្ឆាន​»​។ និយាយ​ឲ្យ​នារី​បម្រើភ្ញៀវ​នៅតាម​រង្គសាល​ខារ៉ាអូខេ​ថា​ទៅធ្វើជា «​ស្រីសំផឹង​»​។ ករណី​ប៉ះ​ជាមួយ​មន្ត្រីនគរបាល​ម្នាក់​ក៏បាន​ចោទថា​៖ «​ក្រសួងមហាផ្ទៃ​ចិញ្ចឹម​ពួក​ម៉ាហ្វីយ៉ា​» និង​បាន​ហៅ​អ្នកកាសែត​ថា «​កាសែត​ចោរ​»​។​

    ​អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​លោក អ៊ុក គឹម​សេង ថ្លែងថា​ក្រសួង​ទើប​ទទួល​ញត្តិ​ពី​សមាគម​អ្នកកាសែត​មួយចំនួន​ខណៈ​ក្រុមការងារ​កំពុង​ពិនិត្យមើល​របាយការណ៍​នេះ​។ តែ​លោ​កថា​ក្រសួង​នឹងមាន​គម្រោង​អញ្ជើញ​គ្រប់ភាគី​នៃ​បញ្ហា​នេះ​មកជួប​ជុំគ្នា​ដើម្បី​រក​ដំណោះស្រាយ​តែ​មិនទាន់​កំណត់​ពេលវេលា​នៅឡើយ​ទេ​។​

    ​លោក​បន្តថា​៖ «​យើង​កំពុង​ប្រមូលផ្តុំ​ការ​ត្អូញត្អែរ​របស់​អ្នកសារព័ត៌មាន​ទូទៅ​ដើម្បី​រៀបចំ​ឯកសារ​ដាក់ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ហើយ​អាច​នឹងមាន​ការជួបគ្នា​។ យើង​ចង់ឱ្យ​គាត់ (​អាចារ្យ​អេ​) និយាយថា​បុគ្គល​ណា​ឱ្យចំ​ដែល​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​យើង​មិន​ចង់​ឮ​ការវាយប្រហារ​សរុប​ជា​សាធារណៈ​វា​ពិបាក​ដែរ​»​។ លោក​ទទួលស្គាល់ថា​ពិតជា​មាន​អ្នកសារព័ត៌មាន​មួយចំនួន​បាន​ជំរិត​ទារប្រាក់​មែន​ជាពិសេស​នៅ​តំបន់​ដាច់ស្រយាល​តែ​មិនមែន​ទាំងអស់​នោះទេ​។​

    ​បន្ទាប់ពី​មានការ​ចោទប្រកាន់​នេះ​អតីត​ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ​លោក ហ៊ុន សុខា មាន​គម្រោង​ធ្វើ​សន្និសីទកាសែត​នៅមុខ​ស្ថានីយ​វិទ្យុ ABC តែ​ត្រូវ​លើក​ពេល​វិញ​ដោយ​រង់ចាំ​ចំណាត់ការ​ពី​ក្រសួង​ព័ត៌មាន​។​

    ​ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ពី​លោក សេង ប៊ុន​វេ​ង ប្រធាន​វិទ្យុ ABC បានទេ​តែ​លោក​បាន​ប្រាប់​ក្រុម​ធ្វើ​អត្ថាធិប្បាយ​របស់​វិទ្យុ ABC ថា «​អាចារ្យ​ផ្តាំ​តាមរយៈ​ក្រុម ABC ថា​គាត់​សុខចិត្ត​សុំទោស​អ្នកក្រ អ្នកសុំទាន អ្នក​អត់បាយ​តែ​ដាច់ខាត​មិន​សុំទោស​អ្នកកាសែត​ចោរ​មួយចំនួន​ទេ​»​។ ក្រុម​អត្ថាធិប្បាយ​បន្ថែមថា​៖ «​ត្រូវតែ​កាច់ធ្មុង​អ្នកសារព័ត៌មាន​មួយចំនួន​ដែល​បំផ្លាញ​វិជ្ជាជីវៈ​សារព័ត៌មាន​»​។​

    ​បន្ថែម​ពីនេះ​នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ABC Cambodia Family បានសរសេរថា​៖ «​ស្ថានីយ​វិទ្យុ ABC កម្ពុជា 107.5 FM (​វិទ្យុ​ប្រតិកម្ម​បន្ទាន់​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​) សូម​ជម្រាបជូន​ប្រិយមិត្ត​អ្នក​ស្ដាប់​វិទ្យុ ABC ដែល​ធ្លាប់ជា​អ្នករងគ្រោះ​ដោយសារ​អ្នកកាសែត ឬ​អ្នកសារព័ត៌មាន​ជំរិត​យកលុយ​កន្លងមក​ទាំងអស់​សូម​ផ្ដល់​ជា​ព័ត៌មាន​មកកាន់​ស្ថានីយ​វិទ្យុ ABC តាមរយៈ​ទូរស័ព្ទ​លេខ 010/012 23-10-10 ដើម្បី​ចូលរួម​ផ្ដល់ដំណឹង​ថា​អ្នកសារព័ត៌មាន​ណាខ្លះ​នៅ​ស្ថាប័ន​ណា​ជា​អ្នក​ជំរិត​យកលុយ​ពី​អស់លោកអ្នក និង​ដើម្បី​ចូលរួម​ឲ្យ​តម្លៃ​អ្នកសារព័ត៌មាន​ដែលមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ និង​ចូលរួម​លើកស្ទួយ​វិស័យ​សារព័ត៌​មាននៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ល្អ​ឡើងវិញ​»៕
    (all readers's comments can help improve the information, as well as better social)